ឯកឧត្ដម នេត្រ ភក្រ្ដា៖ ក្នុងសម័យសន្តិភាពប្រជាជនកម្ពុជាបានស្គាល់ប្រទេសរបស់ខ្លួន តាមរយៈ Camera អ្នកថត និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងក៏ជាការនាំកម្ពុជាឱ្យពិភពលោកបានស្គាល់ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្ដម នេត្រ ភក្រ្ដា៖ ក្នុងសម័យសន្តិភាពប្រជាជនកម្ពុជាបានស្គាល់ប្រទេសរបស់ខ្លួន តាមរយៈ Camera អ្នកថត និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងក៏ជាការនាំកម្ពុជាឱ្យពិភពលោកបានស្គាល់




ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤--ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា ក្នុងសម័យសន្តិភាពប្រជាជនបានស្គាល់ប្រទេសរបស់ខ្លួន តាមរយៈកញ្ចក់ Camera អ្នកថត និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានធ្វើឱ្យប្រជាជនកម្ពុជា និងពិភពលោកស្គាល់កាន់តែច្បាស់ពីសក្តានុពលដែលប្រទេសកម្ពុជាមាន។ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតថតរូបដោយស្មាតហ្វូន “SEE CAMBODIA 2024” រៀបចំឡើងដោយក្រសួងព័ត៌មាន សហការដោយក្រុមហ៊ុន OPPO នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ ។ 

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈកញ្ចក់ Camera របស់អ្នកថតរូប គឺជាការនាំប្រទេសកម្ពុជាឱ្យប្រជាជនខ្លួនឯងបានស្គាល់ច្បាស់ ហើយជាការនាំប្រទេសកម្ពុជាឱ្យពិភពលោកបានស្គាល់តាមប្រព័ន្ធផ្សព្វ​ផ្សាយសង្គម និងប្រពន្ធ័ផ្សព្វផ្សាយផ្សេងៗទៀត និងផ្តល់ជាការកម្សាន្តថែមទៀតផងដែរ ។ ឯកឧត្ដមបានថ្លែងថា ជាមួយនឹងការថតរូបនេះ ធ្វើឱ្យគេស្គាល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្គាល់ពីប្រពៃណីទំនៀមទម្លាប់នៅតាមមូលដ្ឋាន ហើយក៏បានចូលរួមក្នុងការអភិរក្សប្រពៃណី និងទំនៀមទម្លាប់ ព្រមទាំងបានដឹងឃើញពីទំនៀមទម្លាប់ផ្សេងទៀតផងដែរ ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ការប្រកួតប្រជែងថតរូបនេះ មិនមែនផ្តោតត្រឹមតែជាស្នាដៃនៃការថតរូបស្អាតនោះទេ ប៉ុន្តែជាការផ្សារភ្ជាប់ជាមួយប្រពៃណី ទំនៀមទម្លាប់ សាសនា សិល្បៈ ជីវិតរស់នៅ ដែលធ្វើឱ្យប្រជាជនដ៏ទៃទៀត បានឃើញរូបភាពទាំងនេះ បានសិក្សាពីអ្វីដែលបានកើតឡើងនៅតំបន់នីមួយៗ ។ ឯកឧត្ដមរដ្ឋមន្រ្ដីបញ្ជាក់បន្ថែមថា នៅក្នុងទ្រឹស្តីព័ត៌មាន រូបភាពគឺបាននាំយកព័ត៌មាន ៥០% រួចទៅហើយ ពេលខ្លះគឺមិនចាំបាច់ធ្វើការអត្ថាធិប្បាយនោះទេ គ្រាន់តែមើលរូបភាព ក៏មានព័ត៌មាននៅក្នុងនោះដែរ ហើយអ្វីដែលជាការលំបាកបំផុតនោះ គឺព្រឹត្តការណ៍មួយដែលដំណើរការ ២ ទៅ ៣ម៉ោង អ្នកថតរូបត្រូវជ្រើសរើសយករូបតែ ១ ឬ ២ សន្លឹក ដើម្បីផ្សព្វផ្សាយ។ 

ជាមួយការប្រឡងថតរូបនេះដែរ គឺក្នុងគោលបំណងចង់ឱ្យបងប្អូនប្រជាពលរដ្ឋ បានឃើញអំពីទិដ្ឋភាពផ្សេងៗ តាមរយៈរូបថត ព្រោះនៅក្នុងសម័យតេជោ ប្រជាជនកម្ពុជារស់នៅក្រោមដំបូលនៃសុខសន្តិភាព ហើយមាន ឱកាសដើរកម្សាន្តស្ទើរតែគ្រប់កន្លែងទាំងអស់នៅទូទាំងប្រទេស រួមជាមួយ Camera ថតរូប និងទូរស័ព្ទស្មាតហ្វូនដែលខ្លួនមាន គឺបានផ្តិតយករូបភាពទាំងអស់នោះ ដែលផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម Facebook និងប្រពន្ធ័ផ្សព្វផ្សាយដទៃទៀតផងដែរ ។ 

បើតាមការឱ្យដឹងរបស់ លោក មាលី អ្នកជំនាញបណ្តុះបណ្តាលផ្នែកថតរូប អស់រយៈពេល ១២ឆ្នាំ នៅប្រទេសកម្ពុជា ហើយជាគ្រូបង្រៀនថតរូបនៅ DMC បានបញ្ជាក់ថា នៅក្នុងសម័យ ឌីជីថល នេះ រូបភាពមានតម្រូវការប្រើប្រាស់កាន់តែច្រើនជាងមុនបន្ថែមទៀត ហើយរូបភាពបានដើរតូនាទីសំខាន់ណាស់ក្នុងសង្គមកម្ពុជា ទាំងផ្នែកអភិវឌ្ឍន៍ ទេសចរណ៍ វប្បធម៌សហគមន៍ រួមទាំងវិស័យផ្សេងៗទៀត ដើម្បីធ្វើឱ្យគេស្គាល់ប្រទេសជាតិ ។ 

ជាមួយគ្នានេះ លោក ទូច ស៊ាងអ៊ុយ (Steven) នាយកគ្រប់គ្រងផែនការ តំណាងក្រុមហ៊ុន OPPO ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានផ្តល់ឱកាសដល់ក្រុមហ៊ុន OPPO ដើម្បីធ្វើកិច្ចសហការបង្កើតនូវកម្មវិធីការប្រកួតថតរូប “SEE CAMBODIA 2024” ដោយចែងចែកជា ៤ ប្រធានបទផ្សេងៗគ្នា ដែលមានការពាក់ព័ន្ធនឹងទេសចរណ៍ វប្បធម៌នៃប្រទេសកម្ពុជា និងបច្ចេកវិទ្យាសម័យថ្មី ។ លោកបន្ដថា ឆ្លងកាត់ការប្រកួតប្រជែងថតរូបអស់ជាច្រើនសប្តាហ៍ ដែលបេក្ខជនចូលរួមប្រកួតជាង ៦០០នាក់ បានធ្វើការជម្រុះយកតែ ២០នាក់ចុងក្រោយ ដើម្បីប្រកួតវគ្គផ្តាច់ព្រាត់យកចំណាត់ថ្នាក់លេខ ១ ដល់លេខ ៥លើប្រធានបទ បច្ចេកវិទ្យាឧស្សាហកម្ម 4.0 នៅកម្ពុជា ។

សូមជម្រាបជូនថា ជាលទ្ធផលលេខ ១ បានទៅលើបេក្ខជន ឃុន កែវវាសនា, លេខ ២ បានទៅលើលោក ស៊ីន ឌីណែត, លេខ ៣ បានទៅលើលោក ឆន ភារម្យ, លេខ ៤ បានទៅលើលោក យ៉ន់ សូវៀត និងលេខ ៥ បានទៅលើលោក  អុំ ផានិត ។ ចំពោះពានរង្វាន់សម្រាប់ការប្រកួតនេះ រួមមាន ជ័យលាភីលេខ១ មានទឹកប្រាក់ ៤លានរៀល ទូរស័ព្ទដៃ OPPO Reno11 5G និងវិញ្ញាបនបត្រ ១សន្លឹក។ ជ័យលាភីលេខ២ មានទឹកប្រាក់ ១លានរៀល ទូរស័ព្ទដៃ OPPO Reno11 F 5G និង វិញ្ញាបនបត្រ ១សន្លឹក។ ជ័យលាភីលេខ៣ មានទឹកប្រាក់ ៥០ម៉ឺនរៀល ថេប្លេត OPPO Pad Neo និងវិញ្ញាបនបត្រ ១សន្លឹកជ័យលាភីលេខ៤ មានទឹកប្រាក់ ២០ម៉ឺនរៀល នាឡិកា OPPO Watch X និងវិញ្ញាបនបត្រ ១សន្លឹក។ ជ័យលាភីលេខ៥ មានទឹកប្រាក់ ១០ម៉ឺនរៀល កាស OPPO Enco Air3 និងវិញ្ញាបនបត្រ ១សន្លឹក។ ចំពោះជ័យលាភីលេខ៦ ដល់លេខ១០ ទទួលបានកាស OPPO Enco Buds2 ម្នាក់មួយគ្រឿង ផងដែរ៕






No comments:

Post a Comment

Pages