ខេត្តកំពង់ធំ៖លោកអភិបាលស្រុកស្ទោង បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោកនិងភរិយា ព្រមទាំងលោកឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកនិងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី ១១៤ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ "សិទ្ធិសមភាពនិងភាពអង់អាចក្លាហានចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប " កាលពីព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥ នៅសាលាស្រុកស្ទោង។
ទន្ទឹមនឹងងនេះ លោកបានផ្ដល់នូវបទពិសោធន៍និងទស្សនៈទានល្អៗមួយចំនួនដល់បងប្អូនស្ត្រីនិងយុវត្តី ក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍ ការចូលរួមលើកកម្ពស់និងអភិវឌ្ឍន៍ស្ថាប័ន ជាពិសេសការចូលរួមគ្រប់សកម្មភាពទូទៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាកិច្ចការនយោបាយនិងក្លាយជាមេភូមិ ក្រុមប្រឹក្សាឃុំនិងមេឃុំជាដើម ដែលជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកំណត់ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិនិងបានជំរុញឱ្យមានវត្តមានរបស់ស្ត្រីកាន់តែច្រើនឡើងៗនៅក្នុងការធ្វើការសម្រេចចិត្តទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងវិស័យឯកជននិង ជាអ្នកគ្រប់គ្រងស្ថាប័នផង និងអង្គភាពផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបានកោតសរសើរខ្ពស់ដល់លោក លោកស្រីនាយក នាយិកាលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យអប់រំនៅក្នុងស្រុកស្ទោង ជាពិសេសទទួលបាននូវសាលារៀនស្តង់ដារសាលាគំរូលេខ១ប្រចាំទូទាំងប្រទេសគឺសាលាបឋមសិក្សាក្អិន នៅក្នុងភូមិចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាចុងបញ្ចប់ លោកសាយ គឹមឡម ណែនាំដល់លោកនាយកលោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ ទាំងអស់ត្រូវខិតខំរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់ល្អប្រសើរថែមទៀត ជាពិសេសជាមួយដៃគូអភិវឌ្ឍន៍ អង្គការនានានិងមាតាបិតាសិស្សព្រមទាំងសហគមន៍ទាំងមូលដើម្បីដឹកនាំនិងអភិវឌ្ឍន៍សាលារៀនឱ្យកាន់តែទទួលបានជោគជ័យថែមទៀត។
No comments:
Post a Comment