(កំពង់ធំ)÷ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈ
អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥
ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្ត ក៏ដូចជាក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ និងកងកម្លាំងទាំងអស់ ដែលបានរៀបចំនិងចូលរួមគាំទ្រព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» នាពេលថ្មីៗកន្លងមកនេះបានយ៉ាងអធិកអធម ដោយរក្សាបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់ល្អ ដើម្បីផ្តល់នូវភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំ ដោយរួមទាំងអ្នកដំណើរឆ្លងកាត់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយព្រឹត្តិការណ៍នេះក៏បានជួយលើកមុខមាត់ខេត្តកំពង់ធំឱ្យកាន់តែបានខ្ពង់ខ្ពស់ឡើងជាលំដាប់ផងដែរ។
ឯកឧត្តម វង្សី វិស្សុត ក៏បានថ្លែងការកោតសរសើរចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានចុះជាប់ជាមួយនឹងប្រជាជន និងបានបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយសហថាមពល និងប្រទាក់ក្រឡាគ្នា ក្នុងការចូលរួមដោះស្រាយបញ្ហាជីវភាពប្រជាជននៅមូលដ្ឋាន ក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន។ ការដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជន និងការផ្តល់មេធាវីការពារក្តីជូនប្រជាជន ព្រមទាំងការជួសជុលនិងស្ថាបនាផ្លូវបានជាច្រើនខ្សែ។ ឯកឧត្តមបានបន្តថា កិច្ចខិតខំប្រឹងប្រែងជាអង្គតែមួយ និងមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមិទ្ធផលការងារជាច្រើនដែលសម្រេចបាន គឺជាចលនការថ្មីមួយប្រកបដោយក្តីសង្ឃឹមជឿជាក់ ក្នុងការសម្រេចបាននូវចក្ខុវិស័យប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជាពិសេសដើម្បីត្រៀមខ្លួនឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខ។
បន្ទាប់ពីអង្គប្រជុំបានស្តាប់របាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ និងក្រោយពីការចូលរួមមតិយោបល់យ៉ាងផុលផុសរួចមក ឯកឧត្តម វង្សី វិស្សុត បានផ្ដល់ការណែនាំដល់ក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ បន្តរួមកម្លាំងគ្នាជាកម្លាំងសរុប ប្រកបដោយថាមវន្ត ដើម្បីបន្តអនុវត្តនូវការដ្ឋានជាយុទ្ធសាស្ត្រទាំង៣ របស់ក្រុមការងារគឺ÷ ទី១. ការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជនពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ, ប្រាក់ចំណូល, ការងារ, ការប្រកបអាជីវកម្ម និងមុខរបរផ្សេងៗ ដោយរួមទាំងការធ្វើកសិកម្ម និងវិស័យផ្សេងទៀតក្រៅពីកសិកម្ម, ការបង្កើនគុណភាព និងប្រសិទ្ធភាព នៃសេវាសាធារណៈគ្រប់ប្រភេទ។ ទី២. ការកសាង និងពង្រឹងគណបក្ស តាមរយៈការពង្រឹងការដឹកនាំនៅគ្រប់ថ្នាក់, ការធ្វើជាគំរូល្អ និងការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារ ទន្ទឹមនឹងការជំរុញកសាងសមាជិកគណបក្សបន្ថែម។ ទី៣. ការទប់ស្កាត់រាល់ឧបាយកលទុច្ចរិត ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន ទន្ទឹមនឹងការធ្វើការងារសាធារណៈមតិ និងប្រតិកម្មរហ័សចំពោះការញុះញង់និងការមួលបង្កាច់នានា។
ទន្ទឹមនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំដល់ក្រុមការងារត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្តលើកិច្ចការអាទិភាពមួយចំនួន ដូចជា៖ ការបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព, ការបន្តការងារចុះបញ្ជីបង្ហើយដើម្បីចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៥, ការងារចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីបោះឆ្នោតដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥, ការពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់កម្រិតនៅមូលដ្ឋាន, ការពង្រឹង និងការកសាងពង្រីកសមាជិកបក្ស, ការរៀបចំ និងពង្រឹងអង្គការចាត់តាំងយុវជនគណបក្ស ឱ្យក្លាយជាកម្លាំងស្រួច និងឈានមុខ, ការពង្រឹងរបៀបរបបការងារ ជាពិសេសរបបប្រជុំ និងរបបរាយការណ៍, ការកៀរគរ និងការពង្រឹងការងារគ្រប់គ្រងនិងចាត់ចែងធនធានហិរញ្ញវត្ថុ, ការពន្លឿនការសាងសង់ និងជួសជុលទីស្នាក់ការគណបក្សនៅមូលដ្ឋាន និងការងារឃោសនាអប់រំ ព្រមទាំងការរៀបរយបងប្អូនដែលទើបបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាឱ្យបានល្អប្រសើរ។
នៅក្នុងឱកាសនេះផងដែរឯកឧត្តម វង្សី វិស្សុត ក៏បានប្រកាសផ្តល់ការឧបត្ថម្ភជាថវិកាបដិភាគសម្រាប់ គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំចំនួន ២០ ម៉ឺនដុល្លារអាម៉េរិក សម្រាប់រយៈពេល ៤ឆ្នាំ និង បន្តផ្តល់ការឧបត្ថម្ភប្រេងចំនួន ១ម៉ឺនលីត្របន្ថែមទៀត ដើម្បីបន្តគាំទ្រដល់ប្រតិបត្តិការទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់ការកាត់អាវយុវជនគណបក្សចំនួន ៥០០០ អាវផងដែរ។
No comments:
Post a Comment