អាជ្ញាធរខេត្តព្រៃវែង និងអាជ្ញាធរខេត្តកំពង់ចាម បានសហការគ្នាបន្តចុះអន្តរាគមន៍បូមទឹក ជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករពីស្ថានីយ៍បូមទឹកទី១ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវៃកូ ជំហាន២ ដែលស្ថិតនៅក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
នៅរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ដឹកនាំមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យតាមប្រព័ន្ធស្រោចស្រពដែលចាក់ភ្ជាប់ពីទន្លេតូច ក្នុងស្រុកកោះសូទិនឆ្ពោះទៅខេត្តព្រៃវែង។ បើតាមការបញ្ជាក់មន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានឲ្យដឹងថា ការជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងបញ្ហាខ្វះខាតទឹកស្រោចស្រពនៅពេលនេះ មានចំនួន៨,៨៩១ហិកតា ស្មើនឹងស្រុកចំនួន៣ ក្នុងមានស្រុកស្វាយអន្ទរ មានចំនួន៤ឃុំ ស្រុកកំចាយមារ មានចំនួន ៤ឃុំ និងស្រុកមេសាង មានចំនួន៨ ឃុំ ក្នុងខេត្តព្រៃវែង។
សូមបញ្ជាក់ថាការបន្តចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនេះ អាជ្ញាធរខេត្តកំពង់ចាម បានចាប់ផ្ដើមបើកទ្វារទឹក និងបូមទឹករហូតមក អាជ្ញាធរខេត្តទាំងពីរនៅតែបន្តរកវិធីសាស្ត្រ មធ្យោបាយបូមទឹកជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋជាបន្តទៀត ធ្វើយ៉ាងណាដើម្បីជួយសង្គ្រោះស្រូវប្រាំង។
No comments:
Post a Comment