ខេត្តព្រៃវែង: នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកពាមរក៍ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលស្រុកពាមរក៍ថ្មី។ ពិធីនេះមានការចូលរួមពីមន្ត្រីមូលដ្ឋាន ប្រធានសហគមន៍ និងប្រជាពលរដ្ឋ។
ការតែងតាំងនេះ ធ្វើឡើងតាមអនុក្រឹត្យលេខ ៦៥៣ អនក្រ.បក ដែលសម្របសម្រួលផ្ទេរភារកិច្ចលោក កែវ ពិសី មន្ត្រីថ្នាក់ទី៣ ពីតួនាទីជាអភិបាលស្រុកមេសាង មកកាន់តំណែងថ្មីជាអភិបាលស្រុកពាមរក៍ ខេត្តព្រៃវែង។ ពិធីនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងការបន្តអភិវឌ្ឍស្រុកពាមរក៍។
នៅក្នុងសុន្ទរកថា ឯកឧត្តម សួន សុម៉ាលីន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាអ្នកដឹកនាំក្នុងការជំរុញការអភិវឌ្ឍន៍មូលដ្ឋាន និងការកែលម្អសេវាសាធារណៈ។ លោកបានសរសើរលោក កែវ ពិសី ចំពោះស្នាដៃកន្លងមកនៅស្រុកមេសាង និងបានបង្ហាញពីទំនុកចិត្តលើសមត្ថភាពដឹកនាំស្រុកពាមរក៍ឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត។
លោក កែវ ពិសី ក្នុងសុន្ទរកថា លោកបានសម្តែងការដឹងគុណចំពោះការជឿទុកចិត្តមកលើរូបលោក និងបានសន្យាថានឹងខិតខំធ្វើការដើម្បីស្រុកពាមរក៍កាន់តែប្រសើរឡើង។ លោកបានលើកឡើងពីចក្ខុវិស័យរបស់លោកសម្រាប់ស្រុក ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំណើនសេដ្ឋកិច្ច និងសុខុមាលភាពសង្គម។
ពិធីនេះបានបញ្ចប់ដោយមានការប្រគល់ភារកិច្ចជានិមិត្តរូប និងពិធីសំណេះសំណាលដល់អង្គពិធី ដែលជាការចាប់ផ្តេីមមុខតំណែងថ្មីរបស់រដ្ឋបាលស្រុកពាមរក៍។អត្តបទការិយាល័យនិពន្ធនាយក លោក ឃិន ជុន
No comments:
Post a Comment