ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដើម្បីរក្សាចំណងមិត្តភាពប្រទេសទាំងពីរ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដើម្បីរក្សាចំណងមិត្តភាពប្រទេសទាំងពីរ

 



ប្ររព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃ​ប្រទេស​ចិន បាន​តាំងចិត្ត​រួមគ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​គ្រប់​ទម្រង់​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​អគតិ ដើម្បី​ចូលរួម​ថែរក្សា​នូវ​សុខ​សន្តិភាព ការ​អភិវឌ្ឍ និង​ការពារ​ចំណងមិត្តភាព​ដែកថែប នៃ​ប្រទេស​ទាំងពីរ។

ការ​តាំង​ចិត្ត​នេះ ក្នុង​ឱកាស លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ទទួល​ជួប​ជាមួយ លោកស្រី ជឹង យៀន សមាជិក​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​ផ្នែក​ឃោសនាការ នៃ​គណៈកម្មាធិការ​គណបក្ស​កុម្មុយនិស្ត​ចិន​ខេត្ត​យូណាន ថ្នាក់​ដឹកនាំ នៃ​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខេត្ត​យូណាន ក្នុង​វេទិកា នៃ​ការ​បើក​សម្ពោធ​កម្មវិធី​សំឡេង​បេតិកភណ្ឌ «ដើរ​កម្សាន្ត​នៅ​យូណាន ទៅ​ទស្សនា​នៅ​អង្គរ» កាលពី​ថ្ងៃ​ទី ៧ ខែ​មិថុនា ឆ្នាំ ២០២៤ កន្លងទៅ។
នា​ឱកាស​នោះ លោក នេត្រ ភក្ត្រា គូស​បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ បាន​និង​កំពុង​បង្កើត​ឡើង ចរាចរ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សង្គម ព្រោះ​ងាយស្រួល​បង្កើត និង​ងាយស្រួល​ផ្សព្វផ្សាយ។
ទន្ទឹម​នោះ លោក នេត្រ ភក្ត្រា ក៏បាន​ស្នើ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន នៃ​ប្រទេស​កម្ពុជា-ចិន ចូលរួម​សហការ​គ្នា​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ខណៈ​ក្នុង​សម័យ​ឌីជីថល​នេះ ព័ត៌មាន​ក្លែងក្លាយ​ជាច្រើន ត្រូវ​បាន​បង្កើត​ឡើង និង​ផ្សព្វផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​បង្កប់​ដោយ​របៀបវារៈ​ទុច្ចរិត បង្កើត​ឲ្យ​មាន​ការ​យល់​ច្រឡំ និង​មាន​ទិសដៅ​បំផ្លិចបំផ្លាញ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ភាគី​ទាំងពីរ លើ​ការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍ ការ​វិនិយោគ និង​សកម្មភាព​មនុស្សធម៌​ផ្សេងៗ។
លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន គូស​បញ្ជាក់​បន្ត​ថា ក្រសួង​ព័ត៌មាន​កម្ពុជា បាន​ដាក់​ចុះ​នូវ​យន្តការ និង​វិធានការ នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​គ្រប់​ទម្រង់ ដោយ​ប្រើប្រាស់​យុទ្ធសាស្ត្រ ៣ ប គឺ «បញ្ជ្រាប បន្សាប និង បង្ក្រាប»។ សម្រាប់​បច្ចុប្បន្ន ក្រសួង​ព័ត៌មាន បាន​និង​កំពុង​អនុវត្ត​កិច្ចការ​នេះ យ៉ាង​យកចិត្តទុកដាក់​បំផុត។ បន្ថែម​នោះ ដើម្បី​អនុវត្ត​ការងារ​នេះ ក្រសួង​ព័ត៌មាន បាន​បង្កើត​គណៈកម្មាធិការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដោយ​មាន​ការ​ចូលរួម​ពី​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ។ ជា​លទ្ធផល ក្នុង​ឆ្នាំ ២០២៣ កន្លង​ទៅ​នេះ ព័ត៌មាន​ក្លែងក្លាយ​ជាង ៣ ពាន់ ត្រូវ​បាន​កត់ត្រា ហើយ​ករណី​ខ្លះ ត្រូវ​បាន​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់។
លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ក៏បាន​លើក​ឡើង​ថា មាន​ការ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ជាច្រើន​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ដែល​បាន​ជះឥទ្ធិពល​ដល់​ការ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍ និង​វប្បធម៌។
ជាមួយ​នេះ លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង ចិន សូម​កុំ​ជឿ​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​គ្មាន​ប្រភព​ពិតប្រាកដ និង​ត្រូវ​ជឿជាក់​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជាជីវៈ នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ។
លោក នេត្រ ភក្ត្រា លើក​ឡើង​បន្ថែម​ថា ការ​ទប់ស្កាត់ និង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​គ្រប់​ទម្រង់ ជា​ភារកិច្ច​រួម​របស់​អ្នក​សារព័ត៌មាន ដើម្បី​ពង្រឹង​សន្តិសុខ​ព័ត៌មាន ផ្តល់​សុវត្ថិភាព​ព័ត៌មាន​ជូន​អ្នក​ប្រើប្រាស់ កាត់បន្ថយ​ផល​ប៉ះពាល់​ផ្សេងៗ ដល់​សង្គម និង​អ្នកទទួល​ព័ត៌មាន ដែល​បង្ក​ឡើង​ដោយ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ។
លោក នេត្រ ភក្ត្រា បាន​ជម្រាប​ជូន​ភាគី​ចិន ថា ក្រសួង​ព័ត៌មាន គ្រោង​នឹង​ដឹកនាំ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ នា​ពេល​ខាងមុខ និង​មាន​បំណង​ពង្រីក​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នេះ ក្នុង​ក្របខណ្ឌ​ទូលំទូលាយ ព្រោះថា បញ្ហា​ព័ត៌មាន​ក្លែងក្លាយ ជា​បញ្ហា​រួម និង​ប្រទេស​ទាំងអស់ តែងតែ​ជួបប្រទះ​នូវ​បញ្ហា​ទាំងនេះ ដែល​ទាមទារ​ឲ្យ​ទាំងអស់​គ្នា ត្រូវ​រួម​សហការ​ប្រយុទ្ធ​ប្រឆាំង។
លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ក៏បាន​ជម្រាប​ជូន​ភាគី​ចិន បន្ថែម​ថា ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​គោលដៅ​ពង្រឹង​សន្តិសុខ​ព័ត៌មាន និង​ផ្តល់​សុវត្ថិភាព​ព័ត៌មាន​សម្រាប់​អ្នក​ប្រើប្រាស់ ក៏ដូចជា​ការពារ​នូវ​កេរ្តិ៍ឈ្មោះ​កិត្តិយស​ប្រជាជាតិ​ទាំង ២។ យុទ្ធនាការ​ដែល​បាន​គាំទ្រ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា និង​ចិន។
បន្ទាប់ពី លោក នេត្រ ភក្ត្រា ជម្រាប​ជូន ភាគី​ចិន រួច លោកស្រី ជឹង យៀន ប្រធាន​ផ្នែក​ឃោសនាការ នៃ​គណៈកម្មាធិការ​គណបក្ស​កុម្មុយនិស្ត​ចិន​ខេត្ត​យូណាន ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ខេត្ត​យូណាន បាន​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​នេះ និង​សន្យា​សហការ​ជាមួយ​កម្ពុជា​លើ​កិច្ចការ​នេះ៕




No comments:

Post a Comment

Pages