(បាត់ដំបង)៖ ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងយន្តការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្រោមការឧបត្ថម្ភហិរញ្ញវត្ថុពីអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សិក្ខាសាលានេះធ្វើឡើងនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងទេសចរណ៍ តំណាងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងទេសចរណ៍ និងដោយមានការចូលរួមពីមន្រ្តីជំនាញក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី ខេត្ត និងប្រតិបត្តិករទេសចរណ៍ក្នុងក្រុងបាត់ដំបងសរុបជាង១៥០រូប។
សិក្ខាសាលានេះត្រូវបានរៀបចំទ្បើងក្នុងគោលបំណងពង្រឹងការធ្វើស្វ័យប្រវត្តិកម្មព័ត៌មានវិទ្យានៃការស្នើសុំអាជ្ញាបណ្ណទេសចរណ៍របស់ក្រសួងទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាសាធារណៈរបស់ក្រសួងទេសចរណ៍ឱ្យបានឆាប់រហ័សប្រកបដោយភាពជឿជាក់ តម្លាភាព និងគណនេយ្យភាព ស្របតាមកម្មវិធីកែទម្រង់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល និងអាទិភាពគន្លឹះទី៥របស់រាជរដ្ឋាភិបាល គឺបច្ចេកវិទ្យាឌីជីថល។
លោក សុង តុងហាប់ បានបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្តពេញលេញនូវកម្មវិធីកែទម្រង់ការផ្តល់អាជ្ញាបណ្ណទេសចរណ៍តាមអនទ្បាញស្ទើរតែទាំងស្រុង (លើកលែងតែសេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ដែលនៅអនុវត្តតាមប្រព័ន្ធ Offline) ដោយការស្នើសុំអាជ្ញាបណ្ណត្រូវធ្វើតាមគេហទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍ រួមមាន៖ www.mot.registrationservices.gov.kh និង www.cambodiatourismindustry.org ហើយការបង់កម្រៃអាជ្ញាបណ្ណអនុវត្តតាមប្រព័ន្ធធនាគារ។
លោករដ្ឋលេខាធិការបានបន្ថែមថា ក្រសួងទេសចរណ៍បានចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគ្រប់ដំណាក់កាល ដោយសម្រេចបានសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងក្រសួងទេសចរណ៍ និងការបម្រើសេវាសាធារណៈជូនអាជីវកម្មទេសចរណ៍កាន់តែល្អប្រសើរ តាមរយៈការធ្វើស្វ័យប្រវត្តិប្រព័ន្ធនៃការផ្តល់សេវាធារណៈផ្សេងៗ ជាក់ស្តែងការស្នើសុំអាជ្ញាបណ្ណទេសចរណ៍មានលក្ខខណ្ឌងាយស្រួល និងរយៈពេលនៃការផ្តល់ជូនអាជ្ញាបណ្ណទេសចរណ៍ត្រូវបានកាត់បន្ថយជាច្រើន។
សិក្ខាសាលានេះក៏បានផ្សព្វផ្សាយផងដែរនូវសេវាកម្មថ្មីៗរបស់ក្រសួងទេសចរណ៍ ដែលតម្រូវឱ្យប្រតិបត្តិករស្នើសុំការចុះបញ្ជីមុនប្រតិបត្តិការអាជីវកម្ម រួមមាន អាជីវកម្មសេវាកម្ម-MICE ប្រភេទបន្ទប់ប្រជុំ សាលសន្និសីទ និងសាលពិព័រណ៍ និងប្រភេទសេវាកម្មស្ប៉ា-ម៉ាស្សា។
លោក សុង តុងហាប់ បានបញ្ជាក់បន្ថែមថា ក្រសួងទេសចរណ៍បេ្តជ្ញាចិត្តបន្តអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យបានល្អប្រសើរ ដោយរៀបចំការកែទម្រង់ផ្ទៃក្នុង និងខាងក្រៅប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព ពិសេសលើការផ្តលសេវាកម្មសាធារណៈលើវិស័យទេសចរណ៍ជូនអាជីវកម្មទេសចរណ៍៕
No comments:
Post a Comment