ប្រធាន គ.ជ.ប អាណត្តិថ្មី ប្តេជ្ញាធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ប្រធាន គ.ជ.ប អាណត្តិថ្មី ប្តេជ្ញាធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា

ប្រធាន គ.ជ.ប អាណត្តិថ្មី ប្តេជ្ញាធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាណត្តិថ្មី និងអនុប្រធាន ព្រមទាំងសមាជិក បានប្តេជ្ញាបន្តដឹកនាំស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទី ឱ្យកាន់តែល្អប្រសើរឡើង សំដៅធានាឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា។

ការបង្ហាញជំហរបែបនេះរបស់ លោក ប្រាជ្ញ ចន្ទ បានធ្វើឡើងក្នុងឱកាសទទួលតំណែងជាប្រធាន គ.ជ.ប សម្រាប់អាណត្តិថ្មី និងការប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការរបស់ ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ទាំង៩រូប នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ។

ប្រធាន គ.ជ.ប អាណត្តិថ្មី បានថ្លែងអំណរគុណយ៉ាងក្រៃលែង និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលមិនអាចកាត់ថ្លៃបាន ដែលសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាណត្តិមុនសម្រេចបាន និងសូមកត់ត្រាទុកនូវស្នាដៃទាំងនេះ ដើម្បីជាមេរៀនពិសោធន៍សម្រាប់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់អាណត្តិ ព្រមទាំងមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ យកធ្វើជាមូលដ្ឋាន ក្នុងការរៀបចំ ចាត់ចែង គ្រប់គ្រង និងកែលម្អការបោះឆ្នោតលើកក្រោយៗទៀត ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

លោក ប្រាជ្ញ ចន្ទ បានបន្តថា ចំពោះមុខនេះ បន្ទាប់ពីបានប្រកាសចូលកាន់តំណែងភ្លាម សមាសភាពគ.ជ.បថ្មី ត្រូវបន្តបេសកកម្មក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតអសកលចំនួនពីរនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ស្របតាមកំណត់ច្បាប់។ ផ្អែកលើសមាសភាព គ.ជ.បអាណត្តិថ្មីនេះ រួមនឹងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ដែលជាសេនាធិការលើការងារបច្ចេកទេសប្រកបដោយបទពិសោធន៍ មានជំនឿយ៉ាងមុតមាំថា នឹងរៀបចំការបោះឆ្នោតអសកលទាំងពីរនេះ បានដោយជោគជ័យ។

ប្រធាន គ.ជ.ប ថ្មី បានប្តេជ្ញាចិត្តយ៉ាងដូច្នេះថា៖ «ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបទទួលបាននូវការតែងតាំងថ្មី ខ្ញុំសូមធ្វើការប្តេជ្ញាយ៉ាងមោះមុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ថា រូបខ្ញុំ រួមជាមួយនឹងឯកឧត្តមអនុប្រធាន និងឯកឧត្តមសមាជិក គ.ជ.ប ទាំងអស់ នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ដើម្បីបន្តដឹកនាំស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទី ភារកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនាពេលខាងមុខជាបន្តបន្ទាប់ តាមការកំណត់នៃច្បាប់ ឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សំដៅធានាឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា»។

បន្ថែមពីនេះ លោកបានគូសបញ្ជាក់ថា ទោះបីជាក្នុងរយៈពេលចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ពុំមានការបោះឆ្នោតជាសកលយ៉ាងណាក្តី ក៏ គ.ជ.ប នៅតែបន្តពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និងការបង្កើនសមត្ថភាពដល់មន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ឱ្យបានសមស្របតាមតម្រូវការការងារ និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន និងអនាគត សំដៅឆ្ពោះទៅការរៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៨ ឆ្នាំ២០២៨ ជាបន្តទៀត។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អមដោយអនុប្រធាន និងសមាជិក សរុបចំនួន៩រូប។

សមាសភាពក្បាលម៉ាស៊ីន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី នៃនីតិកាលទី៧ រដ្ឋសភា ទាំង៩រូបនោះ រួមមាន៖ លោក ប្រាជ្ញ ចន្ទ ជាប្រធាន, លោក ជឺ ចំណាន ជាអនុប្រធាន និងមានសមាជិក៧រូបទៀត គឺ លោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក សោម សូរីដា លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា ជាដើម។

សមាសភាពក្បាលម៉ាស៊ីនគ.ជ.បថ្មីទាំងនេះ ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នាព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧៕


No comments:

Post a Comment

Pages